Hebrews 8

1រីឯចំណុច​ដ៏​សំខាន់ក្នុង​សេចក្ដី​ដែល​បាន​រៀបរាប់​មក​នេះ​គឺ​យើង​មាន​សម្ដេច​សង្ឃ​ដែល​គង់​នៅខាងស្ដាំបល្ល័ង្កនៃព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដមនៅស្ថានសួគ៌ 2ជាអ្នក​បម្រើ​ការនៅក្នុងទីបរិសុទ្ធនិងនៅក្នុងរោង​ដ៏​ពិតដែលព្រះអម្ចាស់​ជា​អ្នកសង់មិន​មែន​មនុស្សទេ 3ដ្បិតសម្ដេច​សង្ឃគ្រប់រូប​ត្រូវ​បាន​តែងតាំងឲ្យថ្វាយទាំងតង្វាយនិងយញ្ញបូជាដូច្នេះ​សម្ដេច​សង្ឃ​ម្នាក់​នេះក៏ត្រូវមានអ្វីថ្វាយដែរ 4បើព្រះអង្គ​គង់​នៅផែនដី​នោះ​ព្រះអង្គ​មិន​មែន​ជាសង្ឃទេ​ព្រោះ​មាន​ពួក​សង្ឃ​ដែលថ្វាយតង្វាយតាមគម្ពីរវិន័យ​រួច​ទៅ​ហើយ 5គឺពួកគេបម្រើ​ទៅតាម​គំរូនិងលំនាំនៅស្ថានសួគ៌ស្របតាម​ព្រះបន្ទូល​ដែល​លោក​ម៉ូសេ​បាន​ទទួល​នៅពេល​គាត់​កំពុង​រៀប​នឹង​សង់រោងគឺ​ព្រះជាម្ចាស់​មានបន្ទូលថា៖ ​«ចូរ​ប្រយ័ត្ន​អ្នក​ត្រូវ​ធ្វើសព្វគ្រប់ទៅតាមគំរូដែល​យើង​បាន​បង្ហាញ​ដល់​អ្នកនៅលើភ្នំ» 6ប៉ុន្ដែឥឡូវនេះ​ព្រះអង្គ​បាន​ទទួលកិច្ចការ​ប្រសើរ​ជាង​នោះ​ដូច្នេះ​ព្រះអង្គ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរជាង​ដែរ​គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​បាន​តាំងនៅលើ​សេចក្ដី​សន្យាដ៏​ប្រសើរ​ជាង 7ដ្បិតបើ​កិច្ច​ព្រមព្រៀង​មុនគ្មានកំហុសមែន​នោះ​មិនត្រូវការ​កិច្ច​ព្រម​ព្រៀង​ថ្មីមកជំនួសទេ 8ដោយព្រោះព្រះជាម្ចាស់​ឃើញប្រជារាស្ដ្រ​របស់​ព្រះអង្គ​មាន​កំហុស​ព្រះអង្គ​ក៏​មានបន្ទូលថា៖ ​«មើល៍ព្រះអម្ចាស់​បាន​មានបន្ទូលថា​នឹង​មាន​ថ្ងៃមួយមកដល់ដែល​យើង​នឹង​តាំង​កិច្ច​ព្រមព្រៀងថ្មីជាមួយពូជពង្ស​របស់​អ៊ីស្រាអែលនិងពូជពង្ស​របស់​យូដា 9មិនមែនជា​កិច្ច​ព្រមព្រៀងដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេនៅថ្ងៃ​ដែល​យើង​បាន​ដឹកដៃដូនតា​ទាំង​នោះនាំចេញពីទឹកដីអេស៊ីព្ទទេព្រោះពួកគេមិន​បាន​កាន់តាមកិច្ច​ព្រម​ព្រៀង​របស់​យើងហើយ​យើង​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគេដែរ។ ​នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ 10ព្រះអម្ចាស់មានបន្ទូលថាប៉ុន្ដែនេះ​ជា​កិច្ច​ព្រមព្រៀងដែល​យើង​នឹង​តាំងជាមួយពូជពង្សអ៊ីស្រាអែលនៅក្រោយថ្ងៃទាំងនោះ​គឺ​យើង​នឹង​ដាក់ក្រឹត្យវិន័យ​របស់​យើងក្នុងចិត្ដ​របស់​ពួកគេទាំងចារឹកក្នុងគំនិត​របស់​ពួកគេ​ផង​ហើយ​យើង​នឹង​ធ្វើជាព្រះ​របស់​ពួកគេហើយ​ពួកគេ​នឹង​ធ្វើជាប្រជារាស្ដ្រ​របស់​យើង 11ពេលនោះមិនចាំបាច់​ឲ្យ​ពួកគេ​ម្នាក់ៗបង្រៀន​ជន​រួមជាតិនិងបងប្អូន​របស់​ខ្លួនទៀត​ឡើយ​ថាចូរស្គាល់ព្រះអម្ចាស់ព្រោះ​ពួកគេ​ទាំងអស់គ្នា​ទាំង​តូច​ទាំង​ធំ​នឹង​ស្គាល់យើង 12ដ្បិតយើង​នឹងមេត្ដាចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ពួកគេហើយ​យើង​មិន​នឹក​ចាំពីបាប​របស់​ពួកគេទៀតឡើយ»។ 13ដោយព្រោះព្រះអង្គ​មាងបន្ទូលថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀងមុន​ទៅជា​ចាស់​វិញ។ ​ដូច្នេះ​អ្វីៗ​ដែលចាស់នឹង​កាន់តែ​ចាស់​ទៅៗហើយ​ក៏​ជិតសាបសូន្យ​ដែរ។
Copyright information for KhmKCB